John 4

ព្រះយេស៊ូ និងស្ដ្រី​ជនជាតិ​សាម៉ារី​

1ដូច្នេះនៅពេល​ព្រះ​យេស៊ូដឹងថា​ពួកអ្នក​ខាងគណៈ​ផារិស៊ី​បាន​ថាព្រះអង្គបង្កើតសិស្សហើយ​ធ្វើ​ពិធីជ្រមុជទឹកច្រើនជាង​លោក​យ៉ូហាន 2(ទោះបី​ព្រះ​យេស៊ូមិន​បាន​ធ្វើ​ពិធីជ្រមុជទឹក​ដោយ​ផ្ទាល់​ហើយ​ពួក​សិស្ស​របស់​ព្រះអង្គ​ធ្វើ​ក៏ដោយ​) 3នោះព្រះអង្គ​ក៏​យាងចេញពី​ស្រុក​យូដាត្រលប់ទៅ​ស្រុក​កាលីឡេវិញ 4ហើយព្រះអង្គត្រូវយាងកាត់​ស្រុក​សាម៉ារី 5ព្រះអង្គក៏យាងមកដល់ក្រុងមួយ​ក្នុង​ស្រុក​សាម៉ារីឈ្មោះស៊ូខារនៅជិតដីដែល​លោក​យ៉ាកុប​បាន​ឲ្យ​ទៅ​លោក​យ៉ូសែបជាកូន​របស់​គាត់ 6ហើយនៅ​ទីនោះមានអណ្ដូងទឹកមួយ​របស់​លោក​យ៉ាកុប។ ​កាល​ព្រះ​យេស៊ូអស់កម្លាំងក្នុង​ការ​ធ្វើដំណើរនោះ​ព្រះអង្គ​ក៏​អង្គុយនៅក្បែរ​មាត់​អណ្ដូង​នៅពេល​នោះ​ម៉ោងប្រហែលដប់ពីរថ្ងៃត្រង់​ហើយ។ 7មានស្ត្រីម្នាក់មកពី​ស្រុក​សាម៉ារី​បាន​មកដងទឹក​ព្រះ​យេស៊ូមានបន្ទូលទៅនាងថា៖ ​«ខ្ញុំសុំ​ទឹក​ផឹកផង»។ 8រីឯពួក​សិស្សរបស់ព្រះអង្គ​បាន​ចេញទៅក្នុងក្រុង​អស់​ហើយដើម្បីទិញអាហារ 9ស្ត្រីជនជាតិ​សាម៉ារីនោះ​បាន​ទូល​ទៅ​ព្រះអង្គថា៖ ​«លោកជា​ជនជាតិ​យូដាម្ដេចក៏​លោក​សុំ​ទឹក​ពីខ្ញុំ​ដែល​ជាស្ត្រី​ជនជាតិ​សាម៉ារីដូច្នេះ?» ​(​ដ្បិត​ជនជាតិ​យូដាមិនរាប់អាន​ជនជាតិ​សាម៉ារីទេ​) 10ព្រះយេស៊ូមានបន្ទូលឆ្លើយ​ទៅ​នាងថា៖ ​«បើ​អ្នក​បាន​ស្គាល់អំណោយទាន​របស់​ព្រះជាម្ចាស់ទាំង​ដឹង​ថាអ្នកដែលនិយាយ​ទៅ​អ្នកថាខ្ញុំសុំ​ទឹក​ផឹកផងជាអ្នកណាអ្នកមុខជាសុំទឹក​ពី​គាត់​វិញ​ហើយ​គាត់​នឹង​ឲ្យទឹក​ដែល​ផ្ដល់​ជីវិត​ដល់​អ្នក» 11ស្ត្រីនោះទូល​ទៅ​ព្រះអង្គថា៖ ​«លោក​ម្ចាស់​អើយ! ​លោក​គ្មានអ្វី​សម្រាប់​ដង​ទឹក​ទេហើយអណ្ដូង​ក៏​ជ្រៅដូច្នេះ​តើ​លោក​បានទឹក​ដែល​ផ្ដល​ជីវិតនោះពីណាមក? 12លោកយ៉ាកុប​បាន​ឲ្យអណ្ដូងនេះ​មក​យើងហើយលោកផ្ទាល់និងកូនចៅព្រមទាំងហ្វូងសត្វ​របស់​លោក​ក៏​បាន​ផឹកពីអណ្ដូងនេះ​ដែរ​ចុះ​លោក​វិញ​តើ​ធំជាង​លោក​យ៉ាកុប​ជា​ដូនតា​របស់​យើង​ឬ?» 13ព្រះយេស៊ូមានបន្ទូលឆ្លើយ​ទៅ​នាងថា៖ ​«អស់អ្នកដែលផឹកទឹកនេះ​គេ​នឹង​ស្រេកទៀត 14ប៉ុន្តែអស់អ្នកផឹកទឹកដែលខ្ញុំ​ឲ្យ​គេ​នឹង​មិនស្រេកទៀតឡើយហើយទឹកដែល​ខ្ញុំ​ឲ្យ​នោះ​នឹង​ត្រលប់ជាប្រភពទឹកនៅក្នុងអ្នកនោះ​ដែល​ផុសឡើង​ផ្ដល់​ជីវិតអស់កល្បជានិច្ច» 15ស្ត្រីនោះទូលទៅព្រះអង្គថា៖ ​«លោក​ម្ចាស់​អើយ! ​សូម​ឲ្យទឹកនោះ​ដល់​ខ្ញុំ​ផង​ដើម្បីកុំ​ឲ្យ​ខ្ញុំ​ស្រេកមកដងនៅទីនេះ​ទៀត»។ 16ព្រះអង្គមានបន្ទូល​ទៅ​នាងថា៖ ​«ចូរទៅហៅប្ដី​របស់​អ្នកមកទីនេះ» 17ស្ត្រីនោះទូល​ទៅ​ព្រះអង្គវិញថា៖ ​«ខ្ញុំ​គ្មានប្ដីទេ»។ ​ព្រះ​យេស៊ូមានបន្ទូលថា៖ ​«អ្នក​និយាយថាគ្មានប្ដី​នោះ​ត្រូវ​ហើយ 18ដ្បិតអ្នក​មាន​ប្ដីប្រាំនាក់​មក​ហើយ​រីឯ​បុរស​ដែល​នៅ​ជាមួយអ្នកសព្វថ្ងៃនេះមិនមែនជាប្ដី​របស់​អ្នកទេ​ដូច្នេះ​ពាក្យ​ដែល​អ្នក​និយាយនេះពិតប្រាកដ​ហើយ» 19ស្ត្រីនោះទូល​ទៅ​ព្រះអង្គ​ថា៖ ​«លោក​ម្ចាស់​អើយ! ​ខ្ញុំ​យល់ថា​លោក​ជាអ្នកនាំព្រះបន្ទូល 20ពួកដូនតា​របស់​យើង​បាន​ថ្វាយបង្គំនៅលើភ្នំនេះប៉ុន្តែ​ពួក​ជនជាតិ​របស់​លោកនិយាយថាត្រូវថ្វាយបង្គំនៅ​ក្រុង​យេរូសាឡិមវិញ»។ 21ព្រះយេស៊ូមានបន្ទូល​ទៅ​នាងថា៖ ​«នាងអើយ! ​ចូរ​ជឿខ្ញុំចុះថា​នឹង​មាន​ពេលមួយ​មក​ដល់​ដែល​អ្នករាល់គ្នា​នឹង​មិនថ្វាយបង្គំ​ព្រះ​វរបិតានៅលើភ្នំនេះនៅ​ក្រុង​យេរូសាឡិម​ទៀត​ឡើយ 22ពួកជនជាតិ​របស់​អ្នកមិនស្គាល់​អ្វី​ដែល​ពួក​អ្នក​កំពុង​ថ្វាយបង្គំទេ​ប៉ុន្តែ​យើង​ស្គាល់​អ្វី​ដែលយើង​កំពុង​ថ្វាយបង្គំដ្បិត​សេចក្ដី​សង្គ្រោះកើតពី​ជនជាតិ​យូដាមក 23ប៉ុន្តែមាន​ពេលមួយ​នឹង​មកដល់គឺពេលនេះហើយ​ដែល​ពួក​អ្នកថ្វាយបង្គំពិតប្រាកដ​គេ​នឹង​ថ្វាយបង្គំ​ព្រះ​វរបិតាដោយវិញ្ញាណនិងសេចក្ដីពិតដ្បិត​ព្រះ​វរបិតាស្វែងរក​ពួក​អ្នកដែលថ្វាយបង្គំព្រះអង្គបែបនេះ 24ព្រះជាម្ចាស់ជា​វិញ្ញាណ​ដូច្នេះ​អស់​អ្នកដែលថ្វាយបង្គំព្រះអង្គត្រូវថ្វាយបង្គំដោយវិញ្ញាណនិងសេចក្ដីពិត»។ 25ស្ត្រីនោះទូលព្រះអង្គថា៖ ​«ខ្ញុំ​បាន​ដឹងថា​ព្រះ​មែស៊ីដែលហៅថា​ព្រះ​គ្រិស្ដ​នឹង​យាងមក​ហើយ​នៅពេលព្រះអង្គយាងមក​នោះ​ព្រះអង្គ​នឹង​ប្រាប់យើង​ឲ្យ​ដឹងទាំងអស់»។ 26ព្រះយេស៊ូមានបន្ទូល​ទៅ​នាងថា៖ ​«គឺខ្ញុំដែល​កំពុង​ប្រាប់អ្នក​នេះ​ហើយ»។ 27ពេលនោះ​ពួក​សិស្ស​របស់​ព្រះអង្គ​បាន​មកដល់​គេ​ងឿងឆ្ងល់​ចំពោះ​ព្រះអង្គ​ដែល​កំពុង​មានបន្ទូលជាមួយស្ត្រី​ដូច្នេះ​ប៉ុន្តែគ្មាន​អ្នកណា​ម្នាក់ទូល​ទៅ​ព្រះអង្គ​ថា​ព្រះអង្គ​រកអ្វីហេតុអ្វី​បានជា​ព្រះអង្គ​មានបន្ទូលជាមួយនាង​ទេ។ 28រីឯស្ត្រីនោះ​ក៏​ទុកក្អមទឹកចោលរួចចូលទៅក្នុងក្រុងប្រាប់មនុស្សទាំងឡាយថា 29«ចូរ​មកមើលបុរសម្នាក់ដែលប្រាប់ខ្ញុំ​ពី​ការ​ទាំងអស់ដែល​ខ្ញុំ​បាន​ប្រព្រឹត្តិ​តើ​គាត់ជា​ព្រះ​គ្រិស្ដទេដឹង 30ពួកគេក៏​ចេញពីក្រុងទៅរកព្រះអង្គ

វាល​ស្រែ​​មហាចម្រូត​

31នៅពេល​ជាមួយ​គ្នានោះ​ពួក​សិស្សទូល​ទៅ​ព្រះអង្គថា៖ ​«លោក​គ្រូ​សូម​អញ្ជើញ​បរិភោគ​អាហារ» 32ប៉ុន្តែព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេថា៖ ​«ខ្ញុំមានអាហារ​សម្រាប់​បរិភោគហើយ​ជា​អាហារ​ដែលអ្នករាល់គ្នាមិនស្គាល់»។ 33ដូច្នេះពួក​សិស្ស​ក៏​និយាយគ្នាថា៖ ​«មាន​អ្នកណាយក​អ្វី​មក​ជូនលោកបរិភោគទេដឹង 34ព្រះយេស៊ូមានបន្ទូល​ទៅ​ពួកគេថា៖ ​«អាហាររបស់ខ្ញុំគឺការធ្វើ​តាម​បំណង​របស់​ព្រះជាម្ចាស់​ដែល​បាន​ចាត់ខ្ញុំឲ្យមកហើយ​ធ្វើឲ្យ​កិច្ចការ​របស់​ព្រះអង្គសម្រេច 35តើអ្នករាល់គ្នាមិននិយាយទេថានៅបួនខែទៀតដល់​រដូវ​ចម្រូតហើយ? ​មើល៍​ខ្ញុំ​ប្រាប់អ្នករាល់គ្នាថា​ចូរ​សម្លឹងមើលទៅវាលស្រែដែលទុំល្មមច្រូតហើយ 36អស់អ្នកដែលច្រូត​នោះ​ទទួលបានថ្លៃឈ្នូលហើយប្រមូលបានផលសម្រាប់ជីវិតអស់កល្បជានិច្ចដូច្នេះហើយ​ទាំង​ពួក​អ្នកព្រោះនិង​ពួក​អ្នកច្រូត​អាច​អរសប្បាយជាមួយគ្នា 37ដូច្នេះសេចក្ដី​ដែល​ថាម្នាក់ព្រោះហើយម្នាក់ទៀតច្រូត​ពាក្យ​នេះពិតណាស់ 38ខ្ញុំបាន​ចាត់អ្នករាល់គ្នា​ឲ្យ​ទៅ​ច្រូតចម្រូតដែលអ្នករាល់គ្នាមិន​បាន​បញ្ចេញ​កម្លាំងសោះ​គឺ​មាន​អ្នក​ផ្សេងទៀត​បាន​បញ្ចេញ​កម្លាំងហើយអ្នករាល់គ្នា​បាន​ចូលរួមនៅក្នុងការងារ​របស់​ពួកគេ»។

ជនជាតិ​សាម៉ារី​ជា​ច្រើន​ជឿ​​ព្រះយេស៊ូ

39មាន​ជនជាតិ​សាម៉ារីជាច្រើន​នៅ​ក្រុងនោះ​បាន​ជឿព្រះយេស៊ូដោយសារតែសំដី​ដែល​ស្ត្រីនោះធ្វើបន្ទាល់ថា​លោក​បាន​ប្រាប់ខ្ញុំ​ពី​ការ​ទាំងអស់ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត 40ដូច្នេះហើយ​ពេល​ពួក​ជនជាតិ​សាម៉ារីមកជួបព្រះអង្គ​នោះ​ពួកគេ​ទូល​សុំ​ឲ្យ​ព្រះអង្គស្នាក់នៅជាមួយពួកគេហើយ​ព្រះអង្គ​ក៏​ស្នាក់នៅទីនោះពីរថ្ងៃ 41មានមនុស្ស​ជាច្រើនទៀត​បាន​ជឿដោយសារព្រះបន្ទូល​របស់​ព្រះអង្គ 42ហើយពួកគេ​និយាយ​ទៅ​ស្ត្រីនោះថា៖ ​«ឥឡូវនេះ​យើង​ជឿមិនមែនដោយសារតែសំដី​របស់​នាងទៀតទេ​គឺ​ដោយសារ​យើង​បាន​ផ្ទាល់ហើយដឹងថាព្រះអង្គជា​ព្រះអង្គ​សង្គ្រោះមនុស្សលោកពិតមែន»។

អ្នកស្រុក​កាលី​ឡេ​ស្វាគមន៍​ព្រះយេស៊ូ

43ពីរថ្ងៃក្រោយមក​ព្រះអង្គ​បាន​យាងចេញពីទីនោះទៅ​ស្រុក​កាលីឡេ 44ដ្បិតព្រះ​យេស៊ូផ្ទាល់​បាន​ធ្វើបន្ទាល់ថា៖ ​«អ្នកនាំព្រះបន្ទូលមិនបានទទួលការគោរពនៅក្នុងស្រុក​របស់​ខ្លួនទេ»។ 45ពេលព្រះអង្គ​យាងមកដល់​ស្រុក​កាលីឡេ​នោះ​ពួក​អ្នក​ស្រុក​កាលីឡេ​បាន​ទទួលព្រះអង្គ​ព្រោះ​ពួកគេ​បាន​ឃើញ​ការ​ទាំងអស់ដែល​ព្រះអង្គ​បាន​ធ្វើនៅ​ក្រុង​យេរូសាឡិមក្នុងពិធីបុណ្យដ្បិតពួកគេបានទៅក្នុង​ពិធី​បុណ្យនោះដែរ

ព្រះយេស៊ូប្រោស​កូន​ប្រុ​ស​មន្ដ្រី​ម្នាក់​

46ក្រោយមក​ព្រះយេស៊ូ​បាន​យាងមកដល់​ភូមិ​កាណា​ក្នុង​ស្រុក​កាលីឡេម្ដងទៀត​ជា​ភូមិ​ដែល​ព្រះអង្គ​បាន​ធ្វើទឹក​ឲ្យ​ត្រលប់ជា​ស្រា​ទំពាំងបាយជូរ​ហើយ​នៅទីនោះ​មានមន្ត្រីម្នាក់​មាន​កូនប្រុសឈឺនៅឯ​ក្រុង​កាពើណិម 47ពេលគាត់ថា​ព្រះ​យេស៊ូ​កំពុង​យាងពី​ស្រុក​យូដាមក​ស្រុក​កាលីឡេនោះ​គាត់​ក៏​ចេញទៅជួបព្រះអង្គហើយអង្វរសុំឲ្យ​ព្រះអង្គ​យាងទៅប្រោសកូនប្រុស​របស់​គាត់ដ្បិត​កូន​នោះ​ជិតស្លាប់ហើយ 48ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ ​«បើ​អ្នករាល់គ្នា​មិនឃើញទីសំគាល់និងការអស្ចារ្យទេ​នោះ​អ្នករាល់គ្នា​មុខជា​មិនជឿឡើយ» 49មន្ត្រីនោះទូលព្រះអង្គថា៖ ​«លោក​ម្ចាស់​អើយ! ​សូម​អញ្ជើញ​ទៅមុនពេលកូន​របស់​ខ្ញុំស្លាប់» 50ព្រះយេស៊ូមានបន្ទូល​ទៅ​គាត់​ថា៖ ​«ទៅចុះកូន​របស់​អ្នក​នៅ​រស់ទេ» ​មន្ត្រីនោះ​ក៏​ជឿសេចក្ដីដែលព្រះយេស៊ូ​បាន​មានបន្ទូលហើយ​គាត់​ក៏​ចេញទៅ 51កាលគាត់​កំពុង​ធ្វើដំណើរទៅ​នោះ​ពួក​បាវបម្រើ​របស់​គាត់​ក៏​មកជួបគាត់ប្រាប់ថាកូន​របស់​លោក​នៅ​រស់ទេ 52ដូច្នេះគាត់​ក៏សួរពួកគេ​ពី​ពេលវេលាដែល​កូន​របស់​គាត់​បានធូរស្បើយ​ពួកគេ​ក៏ប្រាប់ថា៖ ​«ជំងឺ​គ្រុន​បាន​បាត់​នៅ​ម៉ោងមួយរសៀលម្សិលមិញ» 53នោះឪពុក​បាន​ដឹងថា​គឺ​នៅពេលនោះឯងដែល​ព្រះ​យេស៊ូមានបន្ទូល​មក​គាត់ថាកូនប្រុស​របស់​អ្នក​នៅ​រស់ទេដូច្នេះហើយគាត់និងគ្រួសារទាំងមូល​របស់​គាត់​ក៏​ជឿ​ព្រះអង្គ។ 54នេះជាទីសំគាល់អស្ចារ្យទីពីរ​ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ​នៅ​ពេល​ព្រះអង្គ​វិលត្រលប់ពី​ស្រុក​យូដាមក​ស្រុក​កាលីឡេវិញ
Copyright information for KhmKCB